សម្រង់លទ្ធ​ផលសំខាន់ៗ នៃកិច្ចប្រជុំ​ផ្សព្វផ្សាយការអូសបណ្តាញខ្សែកាបិ៍្ល ការគ្រប់គ្រង​និងប្រើប្រាស់បង្គោលអង់តែន​នៅក្នុងព្រះរាជាណាចក្រកម្ពុជា​

កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយការអូសបណ្តាញខ្សែកាបិ៍្ល ការគ្រប់គ្រង និងការប្រើប្រាស់បង្គោលអង់តែន នៅក្នុង​ព្រះ​រាជា​ណាចក្រកម្ពុជា​ ដោយមានការចូលរួមពីសំណាក់ តំណាងអគ្គនាយកដ្ឋានប្រៃសណីយ៍​ និងទូរគមនាគមន៍ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ក្រុមហ៊ុនទូរស័ព្ទចល័ត និងអចល័ត ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេត ក្រុមហ៊ុនអូសបណ្តាញខ្សែកាប្លិ៍អុបទិច និងក្រុមហ៊ុនសាងសង់ដំឡើងបង្គោលអង់តែនរួម សរុបចំនួន១៦០នាក់។

ទាញយកឯកសារ និងពេលវេលាប្រជុំ សូមចុចទីនេះ

ខាងក្រោមនេះគឺជាសម្រង់លទ្ធ​ផលសំខាន់ៗ៖

អំពីការគ្រប់គ្រងខ្សែកាប្លិ៍

  • ខ្សែកាប្លិ៍ទាំងអស់ត្រូវទំលាក់ចុះក្នុងដីត្រង់ចំណុចឆ្លងកាត់មហាវិថីធំៗ។
  • បញ្ញត្តិករទូរគមនាគមន៍កម្ពុជា នឹងសហការជាមួយគណៈកម្មការ និងសាលារាជធានី ដើម្បីកំណត់​កាល​បរិច្ឆេទឲ្យបានច្បាស់លាស់លើការងារទំលាក់ខ្សែកាប្លិ៍។
  • រាល់ការអូសបណ្តាញកាប្លិ៍ បុគ្គលិកត្រូវមានឯកសណ្ឋាន ការចាត់តាំង និងបច្ចេកទេសត្រឹមត្រូវ។

អំពីការប្រើប្រាស់បង្គោលអង់តែនរួម(Tower Sharing)

  • ផ្តល់ទិន្នន័យឲ្យបានច្បាស់លាស់ និងឆាប់រហ័សដើម្បីបញ្ញត្តិករទូរគមនាគមន៍កម្ពុជារៀបចំបញ្ជូន ទិន្នន័យនេះទៅគ្រប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈអភិបាលខេត្តបានជ្រាប​និង​សហការអនុវត្ត។
  • គ្រប់បង្គោលអង់តែនទាំងអស់ ត្រូវបំពាក់ស្លាកសញ្ញាឲ្យបានច្បាស់លាស់តាមការណែនាំពី បញ្ញត្តិករ​ទូរគមនាគមន៍កម្ពុជា ។
  • ក្រុមហ៊ុនទាំងអស់ត្រូវមានយន្តការជួសជុល ថែទាំបង្គោលអង់តែនជាប់ជាប្រចាំ។​ រាល់ការស្ថាបនា ឬការអភិវឌ្ឍបណ្តាញរបស់ខ្លួន ក្រុមហ៊ុនត្រូវជូនដំណឹងទៅមន្ទីរប្រៃសណីយ៍ និងទូរគនាគមន៍ខេត្ត និងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធឲ្យបានជ្រាបមុនចុះបំពេញភារកិច្ចរបស់ខ្លួន។
  • ក្រុមហ៊ុនទាំងអស់ត្រូវដំឡើងអង់តែនដែលមានរូបសណ្ឋានបន្ស៊ីជាមួយបរិស្ថាន(environmental friendly) ដើម្បីបង្កើនសោភ័ណ្ឌភាព។

អំពីគុណភាពសេវា (Quality of Service)

  • ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ត្រូវផ្តល់សេវារបស់ខ្លួនជូនដល់អ្នកប្រើប្រាស់ប្រកបដោយគុណភាព​ និងត្រូវរៀបចំបំពេញតារាងទិន្នន័យសម្រាប់ប៉ារ៉ាមែត្រតាមដាន និងវាស់ស្ទង់គុណភាពសេវា​ជូនបញ្ញត្តិករទូរគមនាគមន៍កម្ពុជា។
  • ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ត្រូវអនុវត្តតាមបទប្បញ្ញត្តិដែលចែងអំពីការទូទាត់នៃថិរវេលានៃការសន្ទនាទូរស័ព្ទ ដែលរយៈពេលសរុបត្រូវគិតលម្អិតតាមចំនួនវិនាទីនៃការហៅចេញ លើកលែងតែការ​ហៅចេញជាអន្តរជាតិ ដែលត្រូវគិតក្នុងរយៈពេល១៥វិនាទីម្តងនិងត្រូវផ្តល់របាយការណ៍លម្អិតនៃ​ការទូទាត់នេះដែលកំពុងអនុវត្តជាមួយអ្នកប្រើប្រាស់។
  • ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេតទាំងអស់ត្រូវផ្តល់ជូនបញ្ញត្តិករទូរគមនាគមន៍កម្ពុជានូវទិន្នន័យនៃការជួល និងជាវចំណុះអ៊ីនធឺណេតពីអន្តរជាតិ និងអត្រា (Ratio) នៃការប្រើប្រាស់ចំណុះនោះដើម្បី​លក់​រាយនៃ​សេវាអ៊ីនធឺណេតដល់អ្នកប្រើប្រាស់។
  • ប្រតិបត្តិករទាំងអស់ត្រូវផ្តល់របាយការណ៍បញ្ជាក់ពីភាពរួចរាល់ និងអាចដំណើរការបាននូវបណ្តាញ​របស់ខ្លួនដោយប្រើប្រាស់ IPv6 ​ជូនមកបញ្ញត្តិករទូរគមនាគមន៍កម្ពុជាឱ្យបានមុនកាលបរិច្ឆេទ​កំណត់​ត្រឹមខែធ្នូ ឆ្នាំ២០១៥។
  • ប្រតិបត្តិករទាំងអស់ត្រូវសហការផ្ញើសារអប់រំសុខភាព ឬបញ្ហាបន្ទាន់​​ ។ល។ តាមរយៈសារខ្លី (SMS) ជូនអ្នកប្រើប្រាស់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល។

អំពីបញ្ហាផ្សេងៗ

  • រាល់ពេលចុះបំពេញភារៈកិច្ច ក្រុមវិស្វករ ឬក្រុមជំនាញទាំងអស់របស់ក្រុមហ៊ុន ត្រូវពាក់​ឯកសណ្ឋាន​ឲ្យបានច្បាស់លាស់ និងត្រូវមានលិខិតបញ្ជាបេសកម្មដែលចេញដោយក្រុមហ៊ុនរបស់ខ្លួន មុនចុះ​បេសកម្មដើម្បីបង្ហាញអាជ្ញាធរដែនដីឲ្យបានជ្រាប។ ជាពិសេស ក្រុមហ៊ុនចាំបាច់ត្រូវសហការជាមួយ​មន្ទីរ​ប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តនៅតាមមូលដ្ឋានមុនពេលចាប់ផ្តើមស្ថាបនាបណ្តាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ខ្លួន។
  • ពាក់ព័ន្ធនឹងបណ្តាញខ្សែកាប្លិ៍ឆ្លងកាត់ព្រំដែន បញ្ញត្តិករទូរគមនាគមន៍កម្ពុជានឹងស្នើសុំគោលការណ៍​ពី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសហការជាមួយស្ថាប័នពាក់ព័ន្ធចុះធ្វើការកាត់ផ្តាច់​ចំពោះបណ្តាញខ្សែកាប្លិ៍របស់ក្រុមហ៊ុនណា ដែលពុំមានលិខិតអនុញ្ញាតក្នុងការតភ្ជាប់ ។
  • តំណាងក្រុមហ៊ុនដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ត្រូវរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ​ជូន​ថ្នាក់ដឹកនាំក្រុមហ៊ុនឲ្យបានជ្រាបនិងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមការណែនាំពីបញ្ញត្តិករទូរគមនាគមន៍កម្ពុជា។