សេចក្តីណែនាំស្ដីពីការរៀបចំសណ្ដាប់ធ្នាប់បណ្ដាញខ្សែកាប្លិ៍ទូរគមនាគមន៍អាកាសតាមបណ្ដាញផ្លូវកម្ពុជាក្រោម

យោងតាមទំព័រសារព័ត៌មានដែលបានចុះផ្សាយលើគេហទំព័ររបស់​ cnc នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦​ បានបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា ក៍ដូចជាក្នុងសង្កាត់ផ្សារថ្មី២​ខណ្ឌដូនពេញ ជាពិសេសអ្នកធ្វើដំណើរតាមដងផ្លូវកម្ពុជាក្រោម​ មានការព្រួយបារម្ភអំពីបញ្ហាបង្គោលអគ្គីសនីរបស់អគ្គីសនីកម្ពុជា និងបង្គោលទូរស័ព្ទរបស់ទូរគមនាគមន៍ កំពុងតែរកនូវការទ្រុឌទ្រោមចង់ដួលរំលំ ដោយសារតែមានការបំពាក់បណ្ដាញខ្សែកាប្លិ៍ទូរគមនាគមន៍ យ៉ាងធ្ងន់ហួសចំណុះ ក្នុងការទ្រទ្រង់របស់បង្គោលទាំងនោះ និងការបំពាក់ខុសលក្ខណៈបច្ចេកទេស ព្រមទាំងមិនមានបំពាក់ស្លាកសញ្ញាសំគាល់អំពីម្ចាស់កាប្លិ៍ ។ ហើយបានចោទប្រកាន់ធ្ងន់ៗ ទៅលើអាជ្ងាធរមានសមត្ថកិច្ចមិនបានអើពើក្នុងករណីនេះ ដែលធាតុពិតជាការប្រេព្រិត្តខុសឆ្លង របស់បណ្ដាប្រតិបត្តិករម្ចាស់កាប្លិ៍ ដែលអនុវត្តផ្ទុយពីច្បាប់បញ្ញត្តិ និងសេចក្តីណែនាំនានា របស់ក្រសួងប្រៃសណីយ៍ និងនិយ័តករទូរគមនាគមន៍កម្ពុជាកន្លងមក ។ ហេតុដូចបានរៀបរាប់ខាងលើ និងដើម្បីឆ្លើយតបនិងការព្រួយបារម្ភណ៍របស់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅក្នុងតំបន់នោះ និយ័តករទូរគមនាគមន៍កម្ពុជា សូមធ្វើការណែនាំដល់ប្រតិបត្តិករទូរគមនាគមន៍កម្ពុជាដូចតទៅ៖

១. ចុះទៅធ្វើការរុះរើរបណ្ដាញកាប្លិ៍ទាំងនោះតាមបណ្ដាផ្លូវកម្ពុជាក្រោមទាំងអស់ ស្របតាមលក្ខណៈបច្ចេកទេស និងអោយមានសោភ័ណភាពល្អ។

២. ធ្វើការរុះរើរបណ្ដាញខ្សែកាប្លិ៍ចេញពីបង្គោលដែលទ្រុឌទ្រោមជិតរំលំនោះ និងបំពាក់ឆ្លងកាត់ផ្លូវអោយបង្វែមកកប់ក្នុងដីវិញ។

សូមប្រតិបត្តិករទូរគមនាគមន៍អនុវត្តតាមការណែនាំនេះប្រកបដោយប្រសិទ្ធិភាពខ្ពស់។