សន្និបាតទូរស័ព្ទចល័តពិភពលោកកម្មវិធីថ្នាក់រដ្ឋមន្ត្រី ឆ្នាំ២០១៦ នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ

 

តប​តាម​ការ​អញ្ចើញ​ពីសំណាក់​ប្រធាន​អង្គភាព​និយ័ត​ករ​ នៃ​សមាគម​ GSM (GSM Association) ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អញ្ចើញ​ចូល​រួម​សន្និបាត​ទូរស័ព្ទចល័ត​ពិភព​លោកកម្មវិធីថ្នាក់​រដ្ឋមន្ត្រី​​ ​នៅ​ទី​ក្រុង​ប្រទេស​អេស្ប៉ាញអមដំណើរ​ដោយ​ ឯក​ឧត្តម​ ម៉ូវ ចរិយា ប្រធាន​និយ័ត​ករទូរគមនាគមន៍​កម្ពុជា និង​ឯកឧត្តម លោក​ជំទាវ និង​អស់លោក​លោក​ស្រី​ជា​ច្រើន​រូប​ទៀត។ កម្មវិធី​សន្និបាត​ទូរស័ព្ទ​ចល័ត​ពិភពលោក​កម្មវិធីថ្នាក់​រដ្ឋមន្ត្រី​នេះ​បង្កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដែល​ឆ្នាំ​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២៨​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់ រដ្ឋមន្ត្រី បញ្ញតិករ និយ័តករ និង​អគ្គនាយក​បណ្ដា​ក្រុម​ហ៊ុន​ប្រតិបត្តិករចល័ត​ធំៗ​សរុប​ជាង ១៤០០​នាក់ ​មក​ពី​ទូរទាំង​ពិភពលោកដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​ប្រឈម​ និង​ការ​អភិវឌ្ឈនានា​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ទូរស័ព្ទចល័ត។​
សម្រាប់​ឆ្នាំ ២០១៦​ នេះ​សន្និបាត​បាន​លើក​យក​ប្រធាន​បទ “​តភ្ជាប់​មនុស្ស​គ្រប់​រូប និង​វត្ថុទាំង​អស់ដើម្បី​ឆ្ពោះ​ទៅ​កាន់​អនាគត​ដ៍​ប្រសើរ។​ ចំណុច​សំខាន់ៗ​ដែល​បាន​លើក​យក​មក​ពិភាក្សាមាន​ដូច​ជា៖
តួនាទី​ស្នូល​របស់​បច្ចេក​វិទ្យា​ក្នុង​ការតភ្ជាប់​មនុស្ស និង​ការ​ប្ដូរ​ផ្លាស់​ប្ដូរ​នូវ​មុខមាត់​របស់​សង្គមជាតិ​ទាំង​មូល​តាម​រយៈ​ការ​ជម្រុញ​ឱ្យ​មាន​ការ​រីក​ចម្រើនផ្នែក​សេដ្ឋកិច្ច និង​សង្គម​កិច្ច
–       ទិស​ដៅ​អ​ត្ថិភាព​ និង​អនាគត​នៃ​ឧស្សាហកម្ម​បច្ចេក​វិទ្យា​ចល័ត
–       អត្តសញ្ញាណ​បច្ចេកវិទ្យាចល័ត
–       វត្តុទាំង​ឡាយ​ដែល​តភ្ជាប់​ទៅ​អ៊ីនធឺណេត
–       គម្រោង​និយ័តកម្ម​ទាំង​ឡាយ​សម្រាប់​អនាគត​ និង
–       ការពង្រឹង​ការតភ្ចាប់​សម្រាប់​ស្ត្រី​
សន្និបាត​នេះ​មាន​ការ​ផ្ដល់​ពានរង្វាន់​រដ្ឋាភិបាល​ឆ្នើម​ចំនួន​ពីរប្រភេទ​គឺ

១.) ពានរង្វាន់​សម្រាប់​វិសាលគម​អ៊ីនធឺណេត​ល្បឿន​លឿន
២.) ពានរង្វាន់​ភាព​ជា​អ្នក​ដឹក​នាំ​របស់​រដ្ឋាភិបាល​ដែល​មាន​គោលនយោបាយ​ល្អ​ប្រសើរ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ចល័ត​