នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានរៀបចំកិច្ចពិភាក្សាតុមូលស្តីពីដំណើរឆ្ពោះទៅ 5G នៅកម្ពុជា ដែលមានការសម្របសម្រួលកិច្ចពិភាក្សាដោយ ឯកឧត្ដម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា នឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទូរគមនាគមន៍ និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារទូរគមនាគមន៍។ កិច្ចពិភាក្សាតុមូលនេះជាវេទិកាលើកទី៤ ពិភាក្សាលើទិដ្ឋភាពនិយ័តកម្ម និងបច្ចេកទេស មានគោលបំណងប្រមូលធាតុចូលជូនទៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបានជាមូលដ្ឋានពេញលេញក្នុងការរៀបចំគោលនយោបាយ និងនិយ័តកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យា 5G។