ការចុះត្រួតពិនិត្យទីតាំងដាក់បង្គោលអង់តែនសេវាទូរស័ព្ទនៅតំបន់អារ៉ែង

#កោះកុង៖ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧
ឯកឧត្តម ម៉ូវ ចរិយា ប្រធាន និយ័តករទូរគមនាគមន៍កម្ពុជា អមដំណើរដោយ ឯ.ឧ ស៊ា ណារ៉េត សមាជិក ន.ទ.ក និងឯ.ឧ សុង ឡេង ទីប្រឹក្សាឯ.ឧ ប្រធាន ន.ទ.ក បានដឹកនាំមន្រ្តីជំនាញ និងខាងក្រុមហ៊ុនបណ្ដាញសេវាទូរស័ព្ទចល័ត (Cellcard, Smart, Viettel, qb) និងខាងក្រុមហ៊ុនសេវាអីុនធើណេត (Ezecom, TC) និងក្រុមហ៊ុនបណ្តាញខ្សែកាប្លិ៍អុបទិក (CFOCN) និងក្រុមហ៊ុនសាងសង់អង់តែន (e.co, Cam towerlink) ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុកថ្មបាំង អញ្ជើញចុះពិនិត្យសិក្សាទីតាំងសម្រាប់តំឡើងបណ្ដាញសេវាទូរស័ព្ទចល័ត និងសេវាអុីនធើណេត នៅក្នុងតំបន់អេកូទេសចរណ៍អារ៉ែង ដែរស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។
យោងលិខិតលេខ ០៤០ របក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ របស់ក្រសួងទេសចរណ៍ និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។ រាជរដ្ឋាភិបាលបានឃើញ និងឯកភាពជាគោលការណ៍ ដូចខាងក្រោម ៖
– អនុញ្ញាតឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់តាំងក្រុមការងារចុះសិក្សាតំឡើងប្រព័ន្ធទូរស័ព្ទ និងអុីនធើណេតជូនប្រជាសហគមន៍។
– អនុញ្ញាតឱ្យក្រសួងសុខាភិបាល ចាត់តាំងក្រុមការងារចុះពិនិត្យ និងព្យាបាលជំងឺគ្រុនចាញ់ទៅដល់ប្រជាជនទាំង៣ឃុំនៃតំបន់អារ៉ែង។
– អនុញ្ញាតឱ្យមជ្ឍមណ្ឌលកំចាត់មីនកម្ពុជា ចាត់តាំងក្រុមការងារចុះរាវរក និងបំផ្លាញគ្រាប់មីន និងសំណល់គ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្រ្ដតំបន់អារ៉ែងនេះ។
– អនុញ្ញាតឱ្យក្រសួងបរិស្ថាន ចាត់តាំងក្រុមការងារចុះសិក្សា និងរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងរាវជូនប្រជាសហគមន៍។
– អនុញ្ញាតឱ្យអាជ្ញាធរអគ្គិសនៅកម្ពុជា ចាត់តាំងក្រុមការងារចុះសិក្សាពីលទ្ធផល និងតភ្ជាប់ចរន្ដអគ្គិសនី ឬការប្រើប្រាស់អគ្គិសនីដោយប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីអោយប្រជាជនប្រើប្រាស់បាន។
ក្នុងបេសកកម្មចុះពិនិត្យសិក្សាទីតាំងនេះ ឯ.ឧ ម៉ូវ ចរិយា និងមន្រ្តីជំនាញ សហការជាមួយក្រុមហ៊ុនពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានខិតខំត្រួតពិនិត្យយ៉ាងល្អិតល្អន់ ស្វែងរកទីតាំងសមរម្យដើម្បីតម្លើងបណ្ដាញសេវាទូរស័ព្ទចល័ត និងសេវាអុីនធើណេតជូនប្រជាពលរដ្ឋ ឯ.ឧ ក៏បានចំរុញអោយក្រុមការងារជួយសហការគ្នាពន្លឿនការងារនេះអោយបានឆាប់រហ័សជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់ ឯ.ឧ បន្ដរទៀតថា ការងារតម្លើងប្រព័ន្ធទូរស័ព្ទ និងសេវាអុីនធើណេតនេះមានសារៈសំខាន់ ផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនង និងផ្ដល់ផលប្រយោជន៍ច្រើនណាស់ សំរាប់ប្រជាសហគមន៍ ប្រជាពលរដ្ឋ ពិសេសគឺបានរួមចំនែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្ដក្នុងតំបន់អេកូទេសចរណ៍ស្ទឹងអារ៉ែងនេះអោយកាន់តែច្រើនកុះករ៕